ARTICLES - ចង់បានការងារធ្វើ ទាល់តែចេះជំនាញសំខាន់ៗទាំងនេះ...

ការងារពិតជាសំខាន់សម្រាប់បុគ្គលម្នាក់ៗពីព្រោះពួកគេត្រូវធ្វើការដើម្បីបានថវិកាសម្រាប់ចិញ្ចឹមជីវិតខ្លួននិងគ្រួសារឬដើម្បីសម្រេចគោលបំណងអ្វីមួយនៅក្នុងជីវិតរបស់ពួកគេ។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាចំនួនប្រជាជនកម្ពុជាបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែពួកគាត់មានការយល់ដឹងច្រើនអំពីសារៈសំខាន់នៃការសិក្សា។ទន្ទឹមនឹងការកើនឡើងនេះ ការប្រកួតប្រជែងក្នុងទីផ្សារការងារក៏កើតមានឡើងផងដែរ។ បេក្ខជនដែលបានដាក់ពាក្យបម្រើការងារសុទ្ធតែមានចំណេះដឹងខ្ពស់ដូចគ្នា ប៉ុន្តែនយោជកត្រូវការបុគ្គលិកតែមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ វាទាមទារឲ្យបេក្ខជនទាំងអស់ត្រូវមានអ្វីដែលជាលក្ខណៈពិសេសដែលធ្វើឲ្យពួកគេលេចធ្លោជាងបេក្ខជនដទៃនិងក្លាយជាបេក្ខជនដែលមានសក្តានុពលសម្រាប់នយោជក។ លក្ខណៈពិសេសទាំងនោះអាចនិយាយបានថា វាគឺជំនាញផ្សេងពីជំនាញបច្ចេកទេសនិងបទពិសោធន៍ការងាររបស់អ្នក ឬយើងអាចហៅជំនាញនោះបានថាជាជំនាញទន់។ ខាងក្រោមនេះគឺជាជំនាញទន់សំខាន់ៗដែលនយោជកពិចារណានៅពេលជ្រើសរើសបុគ្គលិកមកធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេ។
Communication

១) ជំនាញអន្តរបុគ្គល (Interpersonal skills)

ជំនាញអន្តរបុគ្គលគឹសំដៅលើសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សដទៃ។នៅក្នុងបរិបទការងារ វាជាជំនាញនៃទំនាក់ទំនងល្អរវាងអ្នកជាមួយមិត្តរួមការងារឬសមាជិកក្រុមការងារ អតិថិជន នយោជក ជាដើម។ បុគ្គលដែលពូកែខាងជំនាញនេះធ្វើឲ្យមានបរិយាកាសការងារល្អនិងក្រុមហ៊ុនមានការជោគជ័យច្រើន ដោយសារតែពួកគេមានការចុះសម្រុងល្អជាមួយមិត្តរួមការងារឬសមាជិកក្រុម មានទំនាក់ទំនងល្អនិងចរចារយ៉ាងមានប្រសិទ្ធភាពតិថិជន និងមានទំនួលខុសត្រូវ។

២) ជំនាញទំនាក់ទំនង (Communication Skills)

ជំនាញទំនាក់ទំនងគឺជាសមត្ថភាពក្នុងបញ្ចេញគំនិតឬមតិរបស់ខ្លួនតាមរយៈការនិយាយឬសរសេរប្រកបដោយភាព ច្បាស់លាស់ សង្ខេបនិង ភាពជឿជាក់ ដែលធ្វើឲ្យអ្នកដទៃងាយយល់និងមិនមានការយល់ច្រឡំនូវអ្វីដែលពួកគេចង់
បង្ហាញ។ ក្នុងបរិបទការងារ បុគ្គលិកដែលមានជំនាញនេះមានសមត្ថភាពខ្ពស់ក្នុងការពន្យល់អតិថិជនយ៉ាងមានប្រសិទ្ធភាពអំពីផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុន ងាយស្រួលធ្វើការជាមួយមិត្តរូមការងារនិងអ្នកគ្រប់គ្រងរបស់ពួកគេជាដើម។ 

៣) ជំនាញ ត្រិះរិះ (Critical Thinking Skills)

ជំនាញត្រិះរិះគឺជាសមត្ថភាពក្នុងការវិភាគបញ្ហាដើម្បីរកដំណោះស្រាយនិងធ្វើការសម្រេចចិត្តយ៉ាងមានប្រសិទ្ធ
ភាព។ បុគ្គលិកដែលមានជំនាញនេះគឺប្រៀបដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុមហ៊ុនពីព្រោះ គំនិតឆ្នៃប្រឌិតដ៏សម្បួរបែបរបស់ពួកគេធ្វើឲ្យបរិយាកាសការងារក្នុងក្រុមហ៊ុនមានភាពប្រសើរ បង្កើនប្រសិទ្ធភាពការងារនិងសេវាកម្មរបស់ក្រុមហ៊ុនចំពោះអតិថិជន បង្កើនគុណតម្លៃនិងឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន។ 

៤) ជំនាញធ្វើបទបង្ហាញ (Presentation Skills)

ជំនាញធ្វើបទបង្ហាញគឺសំដៅលើសមត្ថភាពក្នុងការបង្ហាញពីព័ត៌មាន គំនិត ឬរបកគំហើញ​អ្វីមួយ​យ៉ាង​ច្បាស់​លាស់​និងមានប្រសិទ្ធភាពទៅកាន់មនុស្យដទៃ ដូចជាមិត្តរួមការងារ អ្នកគ្រប់គ្រង ឬអ្នកវិនិយោគជាដើម។ នៅក្នុងបរិបទការងារ ការធ្វើបទបង្ហាញអាចជាការបង្ហាញអំពី គម្រោងអាជីវកម្ម ការវិភាគលើហានិភ័យនិងយុទ្ធសាស្ត្រ ការសិក្សា​ស្រាវ​ជ្រាវនិងរបកគំហើញដែលទាក់ទងនឹងអាជីរវកម្មរបស់ក្រុមហ៊ុនជាដើម។ 

៥) ជំនាញដឹកនាំ (Leadership Skills)

ជំនាញដឹកនាំគឺជាសមត្ថភាពក្នុងការដឹកនាំមនុស្សធ្វើការងារដើម្បីសម្រេចគោលដៅនៃការងារ។បុគ្គលដែលមានជំនាញនេះគឺជាមនុស្សប្រកបទៅដោយភាពជឿជាក់ សកម្មក្នុងការងារ អាចធ្វើការជាក្រុម មានភាពសហការល្អក្នុងក្រុម ចេះគោរពគំនិតរបស់អ្នកដទៃ និងធ្វើការប្រកបដោយភាពមានទំនួលខុសត្រូវនិងគិតប្រយោជន៍រួមជាធំ។

៦) ជំនាញបច្ចេកវិទ្យា (Digital Skills)

ជំនាញបច្ចេកវិទ្យក្នុងបរិបទនេះគឺសំដៅទៅលើចំនេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់កុំព្យូទ័រនិងអ៊ីនធឺណេតដូចជា ការចេះប្រើប្រាស់កម្មវិធី Microsoft Office( Word, Excel, PowerPoint, Pdf) សរសេរនិងឆ្លើយអ៊ីមែល និងស្រាវជ្រាវព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេត ជាដើម។

៧) ការជំរុញទឹកចិត្តខ្លួនឯង (Self-motivation)

ជំនាញនេះគឹសំដៅលើការមានទំនួលខុសត្រូវក្នុងការបំពេញការងារ ដូចជាការខិតខំបំពេញការងារ ការមានគំនិតឆ្នៃប្រឌិត និងកំណត់អាទិភាពក្នុងការងារដោយមិនចាំបាច់មានការដាស់តឿនឬក្រើនរំលឹកឬតាមដានពីប្រធានរបស់ខ្លួន។

៨) ជំនាញធ្វើផែនការ និង រៀបចំ (Planning and organizing)

ជំនាញធ្វើផែនការនិងរៀបចំសំដៅលើសមត្ថភាពក្នុងការរៀបចំនិងធ្វើផែនការការងារប្រចាំថ្ងៃរបស់ពួកគេដើម្បីសម្រេចគោលដៅការងារដែលត្រូវបានដាក់ឲ្យនិងបញ្ចប់ឲ្យទាន់ពេលវេលាដែលបានកំណត់។អាស្រ័យហេតុនេះ បុគ្គលបែបនេះគឺជាមនុស្សដែលមានផលិតភាពខ្ពស់នៅក្នុងគម្រោងការងារឬក្រុមហ៊ុន ។

៩) ភាពបត់បែន (Flexibility)

ភាពបត់បែនសំដៅលើសមត្ថភាពនិងឆន្ទៈក្នុងការសម្របតាមកាលៈទេសៈនិង អាចដោះស្រាយនូវបញ្ហាប្រឈមដែលកើតឡើងភ្លាមៗនៅកន្លែងធ្វើការ។ នយោជកពិតជាត្រូវការបុគ្គលិកដែលមានលក្ខណៈសម្បត្តិបែបនេះ ពីព្រោះពួកគេអាចកាត់បន្ថយនូវការរាំងស្ទះឬឧបសគ្គក្នុងការងារដែលបង្កដោយបញ្ហានានាដែលកើតឡើងដោយឥតរំពឹងទុក។ 

១០) ការគ្រប់គ្រងពេលវេលា (Time management)

ជំនាញក្នុងការគ្រប់គ្រងពេលវេលាគឺសំដៅលើសមត្ថភាពក្នុងការប្រើប្រាស់ពេលវេលាធ្វើការយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាពដើម្បីសម្រេចការងារយ៉ាងច្រើន។ បុគ្គលដែលមានជំនាញនេះអាចបែងចែងពេលវេលាសម្រាប់កិច្ចការយ៉ាងច្បាស់លាស់និងកំណត់អាទិភាពកិច្ចការដែលត្រូវបានផ្តល់ឲ្យបានយ៉ាងល្អ។
 
សរុបសេចក្តីមក ក្រៅពីជំនាញដែលមានរៀបរាប់ខាងលើ គឺនៅមានជំនាញផ្សេងៗជាច្រើនទៀតដែលបុគ្គលិកគួរពិចារណាដើម្បីបង្កើននូវសក្តានុពលរបស់ខ្លួននៅកន្លែងការងារ។ នៅពេលពួកគេអាចអនុវត្តចំនុចទាំងអស់នេះ ពួកគេមិនត្រឹមក្លាយជាបុគ្គលិកឆ្នើមនោះទេ ពួកគេនឹងអាចមានឳកាសរីកចម្រើនច្រើនក្នុងអាជីពរបស់ពួកគេនិងអាចបង្កើនឳកាសសម្រាប់ខ្លួនឯងផងដែរ។ 
ប្រសិនបើអ្នកចង់សិក្សាលម្អិតទាក់ទងនឹងជំនាញនីមួយៗដែលបានរៀបរាប់ខាងលើនិងជំនាញបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រក្នុងប្រភពខាងក្រោម។
 

បកប្រែនិងសម្រួលអត្ថបទដោយ ថោង ទិត្យតារា

ប្រភព៖ 
1. https://www.skillsyouneed.com/general/employability-skills.html
2. http://www.learndirect.com/business/news-events/our-newsletter/archived-newsletters/september-2013/the-top-ten-employee-skills-to-look-out-for/
 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More