ARTICLES - ចង់បង្រៀនសិស្សមិនទាន់ចេះសោះ ត្រូវធ្វើតាមនេះ...

 

តើអ្នកគួរបង្រៀនភាសាអង់គ្លេសដល់សិស្សដែលមិនទាន់ចេះសោះដោយរបៀបណា?

 ជាការពិតណាស់ ការបង្រៀនមិនថាជាការបង្រៀនភាសាបរទេសឬអ្វីផ្សេងក៏ដោយ គឺមិនមែនជាការងាយស្រួលនោះទេ ជាពិសេសគឺការបង្រៀនសិស្សដែលទើបតែចាប់ផ្តើមរៀនដំបូង។ ការហ្វឹកហាត់មនុស្សម្នាក់ដែលមិនទាន់ចេះអ្វីសោះឲ្យក្លាយជាអ្នកពូកែម្នាក់ ទាមទារឲ្យគ្រូបង្រៀនត្រូវសិក្សាស្វែងយល់ច្រើនអំពីសិស្សដែលពួកគេបង្រៀន វិធីសាស្ត្រក្នុងការបង្រៀន ត្រូវមានភាពអត់ធ្មត់និងការលះបង់ជាច្រើន។ មោទនភាពរបស់គ្រូបង្រៀនគឺនៅពេលដែលសិស្សដែលត្រូវបានបង្ហាត់បង្រៀនដោយខ្លួនឯងផ្ទាល់មានការរីកចម្រើនពីចំនុចសូន្យរបស់ពួកគេ ឧទាហរណ៍ ពួកគេបានផ្លាស់ប្តូរពីមនុស្សមិនចេះអ្វីសោះរហូតក្លាយជាអ្នកមានសមត្ថភាពម្នាក់ ឬ​អ្នកខ្លះអាចឈានដល់ការសម្រេចបានស្នាដៃអ្វីមួយជាដើម។ អត្ថបទដែលយើងយកមកចែករំលែកខាងក្រោមនេះត្រូវបានដកស្រង់នឹងបកប្រែដោយសង្ខេបចេញពីសៀវភៅអេឡិចត្រូនិចមួយដែលមានចំណងជើងថា វិធីសាស្រ្តដ៏មានប្រសិទ្ធិភាពក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកដែលរៀនដំបូង (How to Teach Beginner Learners Like a Pro)” ក្នុងគោលបំណងចែករំលែកចំណេះដឹងសម្រាប់ជាទុនដល់អ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនិងអភិវឌ្ឍខ្លួនដើម្បីក្លាយជាគ្រូបង្រៀនឆ្នើមម្នាក់៕ ចំពោះអ្នកដែលមានបទពិសោធន៍រួច ពួកគេក៏អាចអានដើម្បីធ្វើការឆ្លុះបញ្ចាំងទៅលើការបង្រៀនរបស់ពួកគេកន្លងមកផងដែរ។

ប្រធានបទទី១ដែលត្រូវលើកមកបង្ហាញខាងក្រោមនេះ មានចំណងជើងថា របៀបបង្រៀនភាសាអង់គ្លេសដល់សិស្សដែលមិនទាន់ចេះសោះ (How to Teach Absolute Beginners)”  ដែលបង្ហាញអំពី៧ចំណុចសំខាន់ៗដែលគួរអនុវត្តក្នុងការបង្រៀនភាសាអង់គ្លេសដល់សិស្សកម្រិតដំបូង។

1.) ផ្តោតទៅលើគោលបំណងនៃការរៀនរបស់សិស្សជាអាទិភាព

ជាការពិត អ្នកគួរតែចាប់ផ្តើមបង្រៀនពួកគេពីភាសាមូលដ្ឋាន។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវគិតដែរថាតើអ្នកគួរចាប់ផ្តើមបង្រៀនពីប្រធានបទមួយណា។ ដើម្បើជ្រើសរើសប្រធានបទឲ្យបានត្រឹមត្រូវ អ្នកត្រូវស្វែងយល់អំពីតម្រូវការនៃការសិក្សារបស់ពួកគេ មានន័យថាអ្នកគួរស្វែងយល់ថាតើពួកគេចង់ដឹងឬចេះនិយាយអ្វីមុនគេបំផុត។ ការបង្រៀនបែបនេះអាចជួយឲ្យពួកគេយកចិត្តទុកដាក់និងសប្បាយក្នុងការរៀនដោយសារតែវាជាចំណង់ចំណូលចិត្តរបស់ពួកគេ។  យោងតាមប្រភពខាងលើ គ្រូបង្រៀនគួរតែចាប់ផ្តើមបង្រៀនសិស្សរបស់ខ្លួនពី ការស្វាគមន៍ ការណែនាំខ្លួន ការសួរសុខទុក្ខ ជាដើម ពីព្រោះនេះគឺជាភាសាប្រើប្រាស់ចំបងរបស់មនុស្សរាល់គ្នាក្នុងការសន្ទនា ហើយវាក៏ជាមេរៀនងាយស្រួលរៀនបំផុតដែរ។​ សិស្សកម្រិតដំបូងអាចនឹងបាត់បង់ចំណង់ចំណូលចិត្តក្នុងការរៀន ប្រសិនបើមេរៀននោះពិបាកឬ​ខុសពីអ្វីដែលពួកគេចង់ចេះ។ 

2.) ជៀសវាងការសន្និដ្ឋានថាសិស្សរបស់អ្នកចេះរួចហើយ

នៅពេលបង្រៀនពួកគេ អ្នកត្រូវគិតថាពួកគេមិនទាន់ចេះអ្វីទាំងអស់​។​ ដូច្នេះ ពួកគេត្រូវការបង្ហាត់បង្ហាញគ្រប់ចំនុចពីគ្រូរបស់ពួកគេ​ពីព្រោះនៅក្នុងដំណាក់កាលនេះ ពួកគេមិនទាន់មានលទ្ធភាពក្នុងការវិភាគឬគិតនោះឡើយ។​ ដូច្នេះអ្នកត្រូវចាំថា អ្នកគួរតែបង្ហាញឬនិយាយឲ្យពួកគេស្តាប់និងធ្វើតាមជាមុនសិន មុនពេលអ្នកសួរឬឲ្យពួកគេអនុវត្តអ្វីដែលអ្នកបានបង្រៀន។ ឧទាហរណ៍ អ្នកចង់បង្រៀនឲ្យពួកគេចេះសួរសុខទុក្ខ មុនដំបូងអ្នកត្រូវបង្ហាត់ពីរបៀបសួរដល់ពួកគេ(How are you?)​ និងរបៀបឆ្លើយ I’m fine. Thank you. ។​ បន្ទាប់មកទើបអ្នកឲ្យពួកគេអនុវត្តសួរនិងឆ្លើយតាមអ្នក។

 3.) អបអរសាទរលើភាពជោគជ័យរបស់សិស្សអ្នក

ការលើកទឹកចិត្តដល់សិស្ស ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀន ជាពិសេសចំពោះសិស្សដែលរៀនដំបូង។ ពួកគេនឹងមានទឹកចិត្តក្នុងការរៀនសូត្រ ប្រសិនបើពួកគេឃើញថាពួកគេមានការរីកចម្រើន។ អ្នកអាចលើកទឹកចិត្តពួកគេ ដោយការសរសើរនៅពេលពួកគេឆ្លើយឬធ្វើតាមបានត្រឹមត្រូវ ទោះបីជាវាជាការជោគជ័យតូចឬធំក៏ដោយ។ ឧទាហរណ៍ នៅពេលបង្រៀនមេរៀនអំពីរបៀបសួរសុខទុក្ខ អ្នកអាចនិយាយទៅកាន់ពួកគេថា ល្អណាស់ ធ្វើបានល្អ  អបអរសាទរ ឥឡូវនេះ អ្នកទាំងអស់គ្នាចេះនិយាយសួរសុខទុក្ខជាភាសាអង់គ្លេសហើយ

4.) ប្រើសម្ភារៈជំនួយ

សិស្សក្នុងកម្រិតដំបូងមិនទាន់អាចយល់អំពី និយមន័យ សទិសន័យ ឬការពិព័ណ៌នារបស់អ្នក ឡើយ។ ដូច្នេះ ដើម្បីឲ្យពួកគេអាចឆាប់យល់មេរៀនឬអ្វីដែលអ្នកកំពុងបង្រៀន អ្នកគួរតែប្រើសម្ភារៈជំនួយដែលអាចមើលឃើញ(Visual aids) ដូចជា រូបភាព កាយវិការ ឬវត្ថុពិតដែលប្រើប្រាស់ក្នុងការរស់នៅ(realia) ជាដើម។

5.) បង្រៀនដោយការបង្ហាញ ជាជាងការពន្យល់

បន្ថែមលើចំណុចទីពីរខាងលើ នៅពេលអ្នកបង្រៀនពីចំណុចឬភាសាអ្វីមួយ អ្នកគួរតែបង្ហាញឬធ្វើជាគម្រូឲ្យពួកគេបានឃើញនឹងធ្វើតាមជាមុនសិន ហើយជៀសវាងការឲ្យពួកគេចាប់ផ្តើមដោយការអានអត្ថបទសន្ទនាឬ អនុវត្តសន្ទនាដោយពុំមានការបង្ហាញឬណែនាំពីអ្នកជាមុន ពីព្រោះអ្នកអាចធ្វើឲ្យពួកគេធុញ ឬបាក់ទឹកចិត្តក្នុងការៀនដោយសារតែ​ ភាពលំបាកក្នុងការអានឬយល់ពីអត្ថបទនោះ។

 6.) រំលឹកមេរៀនចាស់ជាប្រចាំ

ការរំលឹកមេរៀនមុនពេលចាប់ផ្តើមមេរៀនថ្មី គឹចាំបាច់សម្រាប់ការបង្រៀនសិស្សកម្រិតដំបូង ពីព្រោះវាអាចជួយឲ្យពួកគេចងចាំនិងចេះស្ទាត់លើអ្វីដែលពួកគេបានរៀនរួច។ អ្នកអាចធ្វើការរំលឹកមេរៀនតាមរយៈវិធីពីរយ៉ាង៖ ទី១ អ្នកអាចសួរពួកគេឡើងវិញអំពីអ្វីដែលពួកគេបានរៀនរួចមុនពេលចាប់ផ្តើមមេរៀនថ្មី និងទី២ អ្នកអាចរំលឹកមេរៀនដោយប្រយោលតាមរយៈការបញ្ចូលចំណុចខ្លះៗក្នុងមេរៀនចាស់ទៅក្នុងមេរៀនថ្មី ដែលវាក៏ជាឪកាសសម្រាប់ពួកគេអនុវត្តមេរៀនចាស់របស់ពួកគេដូចគ្នា។

7.) បង្រៀនទាក់ទងទៅនឹងបរិបទពិតៗ

ចំនុចចុងក្រោយដែលគ្រូបង្រៀនគួរតែយល់ដឹងផងដែរគឺ ដើម្បីជួយឲ្យសិស្សរបស់អ្នកឆាប់ចេះប្រើប្រាស់ភាសានៅក្នុងការប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅរបស់ពួកគេ អ្នកគួរតែរៀបចំមេរៀនអំពីប្រធានបទដែលត្រូវបាននិយាយឬប្រើប្រាស់ក្នុងជីវិតរស់នៅជាក់ស្តែង និងផ្តល់ឧទាហរណ៍ពិតៗឲ្យបានច្រើនតាមតែអ្នកអាចធ្វើទៅបាន។ ប្រសិនបើអ្នកបង្រៀនពីប្រធានបទដែលមិនមានពិតក្នុងសង្គមឬបរិបទដែលពួកគេរស់នៅ ពួកគេអាចនឹងជួបភាពលំបាកក្នុងមេរៀនកាន់តែច្រើន ដូចជា ការពិបាកក្នុងការយល់ដោយសារពួកគេមិនដែលជួបប្រទះរឿងទាំងនោះក្នុងសង្គមរបស់ពួកគេ កង្វះឧទាហរណ៍ ហើយជាពិសេសពួកគេមិនអាចយកចំណេះដឹងដែលគេរៀនរួចយកមកអនុវត្តក្នុងជីវិតពិតរបស់ពួកគេ​ ជាដើម។ 

ដោយ៖ ថោង ទិត្យតារា

ប្រភព៖​ How to Teach Beginner Learners Like a Pro 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More